ភាគទី 108 : ចៅកែ Kim ល្មមដល់ពេលរៀបការហើយ

2.2K 201 9
                                    

       រំលងអាធ្រាត្រម៉ោង 3-4យប់ សម្លេងសម្រឹបជើង លាន់ឮលើផ្លូវ សម្តៅទៅវាលផ្នូរមួយកន្លែង ដែលជាកន្លែងបញ្ជុះសពគ្រួសារសេដ្ឋីមួយក្នុងប្រទេសបារាំង វាត្រូវបានប្រើប្រាស់ជាច្រើនជំនាន់តាំងពីជំនាន់បុព្វបុរសគ្រួសារនេះមកម្លេះ។ សម្រឹបជើងដើរមកឈប់នៅមុខផ្នូរនារីស្រស់ស្អាតម្នាក់ ក្នុងរូបថតបង្ហាញស្នាមញញឹមស្រស់ពព្រឹមខណៈនៅខាងក្រោយជាផ្នូរសពរបស់នាងទៅវិញ។ Rayflo ឈ្មោះយ៉ាងខ្លីនៅក្រោមរូបថត ជម្រុញឲ្យទឹកភ្នែករបស់អ្នកដែលឈរមុខផ្នូរដណ្តើមគ្នាស្រក់ ហេតុអ្វីទើបមានឈ្មោះ Rayflo នៅទីនេះ? Hakai មិនចង់ឆ្លើយសំណួរមួយនេះឡើយ តែនាងព្យាយាមកុហកខ្លួនឯងថា ពេលមកដល់ទីនេះ នាងនឹងមិនបានឃើញឈ្មោះមួយនេះឡើយ ម្ចាស់ឈ្មោះប្រហែលជារត់គេចទៅលាក់ខ្លួនកន្លែងណាមួយមិនខាន  តែការពិតមិនអាចប្រើពាក្យកុហកមកបិទបាំងបានយូរនោះទេ។
       “បងមកប្រញាប់ពេក មិនបានទិញផ្កាឲ្យអូននោះទេ...” Hakai  ពោលតិចៗបន្ទាប់ពីឃើញផ្កាក្រៀមស្វិត ដែលហាក់ត្រូវនរណាម្នាក់យកមកទុកជាច្រើនថ្ងៃមកហើយនោះ នៅមុខផ្នូរ។ ទម្លាក់គូទអង្គុយ រាងខ្ពស់សម្លឹងទៅលើ ព្រិលធ្លាក់ចុះសន្សឹមៗ វាធ្លាក់មកមួយរយៈហើយដូច្នេះនៅកន្លែងខ្លះ មានឃើញពំនូកព្រិលគរៗគ្នាច្រើនឡើងៗ។
       “ត្រជាក់ខ្លាំងណាស់....អូនកំពុងរងារត្រូវទេ?”
       សំណួរដែលដឹងថាមិនទទួលបានចម្លើយតែនៅតែមិនព្រមឈប់សួរ ពេលនេះ Sulli  ប្រហែលជានៅកន្លែងណាមួយដ៏ស្រស់ស្អាតនិងស្ងប់ស្ងាត់ នាងស្រស់ស្អាតនិងស្លូតបូតប្រៀបដូចវិញ្ញាញដ៏បរិសុទ្ធ ពេលនេះនាងប្រហែលជានៅលើមេឃដ៏សែនខ្ពស់ នាងប្រហែលជាប្រែក្លាយជាទេពអប្សរបាត់ទៅហើយ។
       “Sulli....បងដឹងខុសហើយ..” Hakai ផ្ទប់មុខនឹងស្លាកឈ្មោះរបស់នាងក្រមុំពោលពាក្យដឹងខុស ទាំងទឹកភ្នែកហូរសស្រាក់ នេះប្រហែលជាទណ្ឌកម្មដែលនាងទទួលបានពីការជាន់ឈ្លីបេះដូង Sulli មិនខាន “ហេតុអ្វីអូនធ្វើបែបនេះដាក់បង?....ជ័យជម្នះមួយនេះបងលែងចង់បានហើយ....ត្រឡប់មករកបងវិញមក.. Sulli...”
       Hakai ក្តាប់ដៃយំសម្រក់ទឹកភ្នែកលើផ្នូរ។ នៅថ្ងៃដំបូងនាងយល់ថាទោះបី Sulli ស្លាប់ នាងប្រហែលជាអាចរស់បន្តទៅមុខទៀត ដោយយកនរណាម្នាក់មកជំនួស Sulli ទោះបីឪពុករបស់នាងខឹងក្រោធ មិនអនុញ្ញាតឲ្យនាងបានឃើញសាកសពឬផ្នូរ Sulli ក៏ដោយ យ៉ាងណាក៏គ្មានប្រយោជន៍ស្រាប់ទៅហើយ មនុស្សស្លាប់បាត់មកមើលផ្នូរបានអ្វីទៅវិញទៅតែការគិតទាំងនោះបានផ្លាស់ប្តូរទាំងស្រុង នៅពេលដែលការលែងទទួលបានសារនិងការរំខានពី Sulli ក្លាយជាសុបិន្តអាក្រក់របស់នាង បិទបើកភ្នែក នាងនាងរង់ចាំសារពីលេខមួយនោះ ខណៈម្ចាស់វាទៅលែងត្រឡប់ទៅហើយ វាកាន់តែចម្លែកនៅពេលគ្មាននរណាម្នាក់អាចបង្វែរចំណាប់អារម្មណ៍នាង ឲ្យឈប់គិតពី Sulli បាន នាងបានចេញក្រៅជួបមនុស្សជាច្រើន រកក្មេងស្អាតៗជាច្រើនចូលបន្ទប់ តែមិនមានពេលណាដែលឈ្មោះនិងរូបរាងរបស់ Sulli ចាកចេញពីខួរក្បាលនាងឡើយ ពេលនៅម្នាក់ឯង នាងទទួលបានអារម្មណ៍ដូចស្ថិតក្នុងភ្នក់ភ្លើង ភ្លើងដ៏សន្ធោសន្ធៅដុតកំទេចខ្លួននាងជារៀងរាល់ថ្ងៃ បេះដូងរបស់នាងដង្ហើយរក Sulli ឥតឈប់ ហើយក៏មានសំណួរជាច្រើនដែលចាក់ដោតក្នុងទ្រូងតែគ្មានចម្លើយ។
       “ហេតុអ្វីពួកយើងក្លាយជាបែបនេះ Sulli? វាសុទ្ធតែជាកំហុសរបស់បងត្រូវទេ? បើបងល្អជាងនេះតែបន្តិច.... មិនមែនទេ...” នាងក្រមុំផ្អាកនិយាយហើយងើយមុខសម្លឹងផ្ទៃមេឃងងឹតស្លុបគ្មានផ្កាយ មានតែព្រិលសៗធ្លាក់ចុះមក “....បើបងមិនអំណួតលើខ្លួនឯងពេក ពេលនេះពួកយើងប្រហែលជាអង្គុយមើលព្រិលជាមួយគ្នាមិនខាន.... បើថ្ងៃនោះ..បងទៅរកអូន....”
       “អូនឈ្នះហើយដឹងទេ?.... ចុងក្រោយអូនក៏ចាកចេញ ហើយឆក់យកក្តីសុខពេញមួយជីវិតរបស់បងទៅ.... បងមិនធ្លាប់និយាយ...តែ ...” Hakai អួលដើមកហើយលើកដៃស្ទាបរូបថតរបស់អតីតគូស្នេហ៍ “...បងស្រលាញ់អូនខ្លាំងណាស់...ខ្លាំង...ខ្លាំងៗណាស់...តែបងឥតបានការ”
       Hakai ញ័របបូរមាត់ ទឹកភ្នែកស្រក់ឥតសម្រាក សម្លេងនាងប្រែជាដង្ហក់និងដាច់ៗ នាងហាក់លែងមានអ្វីក្នុងជីវិត ខ្លួនប្រាណស្រាលតែលតោល។ ហេតុអ្វីទៅ Sulli?  ហេតុអ្វីអូនចាកចេញពីបង? ហេតុអ្វីពួកយើងបញ្ចប់ទាំងបែបនេះ?
       “បើនៅជាតិណាមួយពួកយើងបានជួបគ្នាម្តងទៀត... បងនឹងសងអូនគ្រប់យ៉ាង... សងឲ្យអស់... ក្តីស្រលាញ់និងការបារម្ភរបស់អូន... បងនឹងស្រឡាញ់អូនខ្លាំងជាងអូនស្រឡាញ់បងរាប់ពាន់ដង ថែរក្សាអូនជាងកែវភ្នែករបស់បង... ឮទេ Sulli? អូននឹងអនុញ្ញាតឲ្យបងស្រលាញ់អូនម្តងទៀត...ត្រូវទេ?”
       មិនថាសោកស្តាយកំហុសឬប្រឹងព្យាយាមបកស្រាយនិងសុំការអភ័យទោសប៉ុន្មានដងទេ ទង្វើរដែលធ្វើទៅហើយគឺមិនអាចកែប្រែ របស់ខ្លះដែលបាត់បង់ទៅហើយក៏មិនអាចត្រឡប់មកវិញដូចគ្នា ដូច្នេះរស់នៅជីវិតរបស់អ្នក ធ្វើរឿងដែលអ្នកមានមោទនភាពបំផុត ទើបគ្មានវិប្បដិសារីនៅថ្ងៃក្រោយ។
      
       ពេលវេលាកន្លងទៅយ៉ាងរហ័ស ឆ្លងកាត់ភាពសប្បាយរីករាយនិងកើតទុក្ខរបស់មនុស្សលោក មនុស្សមួយចំនួនប្រែក្លាយជារីករាយបន្ទាប់ពីទុក្ខសោក អ្នកខ្លះរីករាយមករហូតស្រាប់តែប្រែមកជាទុក្ខ អ្នកខ្លះកែប្រែកំហុសដែលខ្លួនធ្លាប់សាង ចំណែកអ្នកខ្លះទៀតបែរជាសាងកំហុសកាន់តែច្រើន។ ពេលវេលានៅតែបន្តដើរទៅមុខទោះបីមនុស្សជួបទុក្ខសោកឬរីករាយ ខណៈដែលពេលវេលាមិនរង់ចាំមនុស្ស មនុស្សក៏មិនចាំបាច់រង់ចាំពេលវេលាដូចគ្នា នឹកឆាប់ទៅជួប ស្រឡាញ់ត្រូវឆាប់សារភាព កុំឲ្យមានពាក្យថាស្តាយក្រោយនៅថ្ងៃមុខ នរណាទៅដឹងថាផែនដីនឹងរលាយនៅថ្ងៃណានោះ?... ថាមិនត្រូវថ្ងៃស្អែកជាថ្ងៃចុងក្រោយរបស់មនុស្សលើលោកផងក៏មិនដឹង។
      
       រដូវក្តៅផុតទៅត្រូវជំនួសដោយរដូវផ្ការីក មិនយូរប៉ុន្មានផ្កាក៏រុះរោយ រដូវស្លឹកឈើជ្រុះក៏ឈានចូលមកដល់ ក្លិនស្លឹកឈើងាប់រួមជាមួយសម្លេងបាក់របស់ស្លឹកឈើស្ងួត បណ្តាលឲ្យអារម្មណ៍មនុស្សម្នា ប្រែជាអណ្តែតអណ្តូង ប្រឡប់ទៅរកអតីតកាល ដែលពោពេញទៅដោយភាពស្ងប់សុខ។
       “Tae! បែរមកនេះ!”
       ក្រឹប! សម្លេងចេញពីកាមេរ៉ាថតរូបលាន់ឮឡើងភ្លាមៗ បន្ទាប់ពីម្ចាស់ឈ្មោះងាកទៅរកដើមសម្លេង។ Taehyung យកស្លឹកឈើស្ងួតមកសៀតសៀវភៅកំពុងអាន ហើយបិទវាទុក ដោយងាកក្រសែរភ្នែកទៅរកកូនក្មេងមិនចេះធំ ដែលអង្គុយទាមទារចំណាប់អារម្មណ៍ក្បែរដៃ ព្រោះឃើញថាធ្វើខ្លួនតោងស្អិតដូចស្ករពេញមួយថ្ងៃហើយ តាំងពីចេញមកក្រៅ រហូតដល់មកអង្គុយលើបង់ក្នុងសួនដែលរៀបចំជាផ្លូវដែលមានដើមឈើដុះតម្រៀបគ្នាជាជួរៗនេះ តែស្លឹកឡើជាច្រើនប្រែជាលឿងទុំ ខ្លះក៏ក្រហមជ្រុះមកសន្ធឹកសន្ធាប់ តែបែរជាធ្វើឲ្យទេសភាពកាន់តែស្រស់បំព្រងឡើងទៅវិញ។
       “ថតធ្វើអ្វីទៅ? ឃើញថាថតមកច្រើនហើយ...”
       “អូនមើលទៅស្ងប់សុខណាស់ បងចង់រក្សាទុករូបភាពអូនបែបនេះឲ្យបានច្រើន”
       Jungkook តបតាមការពិត ព្រោះមិនបានមានគំនិតផ្សេងនោះទេ គ្រាន់តែមិនបានដឹងខ្លួន ថាធ្វើខ្លួនចម្លែកមកពេញមួយថ្ងៃទៅហើយ។
       “កុំមកហៅអូន.... ខ្ញុំអាយុច្រើនជាង ដឹងទេ?”
       រាងតូចកំបួចមាត់ចាប់ស្លឹកត្រចៀកនាយកម្លោះខ្លាំងៗ ដោយក្តីគ្រឺតខ្នាញ់ បានគេមិនមាត់មិនក Jungkook ក៏បានដៃធ្វើនេះធ្វើនោះចម្លែកៗរាល់ថ្ងៃ។
       “ពួកគេនិយាយថានរណានៅលើគឺត្រូវហៅបង អួយ...ឈឺ!” រាងក្រាស់ឱនក្បាលចុះតាមកម្លាំងទាញរបស់គូស្នេហ៍។
       “តែខ្ញុំចាំបានថាយប់មិញខ្ញុំនៅលើ” Tae របូតមាត់និយាយទាំងភ្លេចគិត។
       “វាជាករណីលើកលែងព្រោះអូនជិះបងហ្នឹងណា៎... អា៎!” Jungkook ស្រែកដូចជ្រូកត្រូវទឹកក្តៅ ព្រោះត្រូវមួលស្លឹកត្រចៀកកាន់តែខ្លាំង។
       “មាត់នេះសមតែវាយឲ្យបែកទេ..”
       “វាយបាន!” Jungkook ញញឹមស្រស់បន្ទាប់ពីរត់រួចពីដៃ Taehyung ក្រោកឈរមុខបង់ដែលរាងតូចអង្គុយ “តែប្រើមាត់វាយ បានព្រម”
       “នៅរលៀមទៀត...” Tae ស្រែកហើយស្ទុះក្រោកទៅរត់តាមវាយ Jungkook តែកម្លាំងមិនដល់បែរជាត្រូវគេលើកលីដាក់លើស្មាទៅវិញ។
       “ដាក់-ដាក់ចុះ ធ្វើអីហ្នឹង?”
       “អត់ទេ!”
       “ព្រះអើយ....”
       រាងតូចយកដៃបិទមុខព្រោះខ្មាសនឹងកែវភ្នែកមនុស្សជុំវិញខ្លួន ដែលជាមនុស្សប្រុសមួយទាំងមូល មកត្រូវគេលើកលីដូចតុក្កតាបានយ៉ាងងាយបែបនេះ តែគេក៏រីករាយដែលឃើញ Jungkook រីករាយរាល់ថ្ងៃ សូម្បីបញ្ជាឲ្យរត់តុក្នុងហាងក៏នៅតែញញឹមស្រស់ដដែល វាជាសុភមង្គលដែលគេទន្ទឹងចង់បានជាយូរមកហើយ។
       “ឈប់..... យកខ្ញុំទៅណា?” Tae ស្រែកពេលត្រូវទម្លាក់ចូលឡាន។
       “ខ្ញុំថាថៅកែ Kim ដល់ពេលត្រូវរៀបការហើយ”
       “មាន-មានន័យថាម៉េច? រ-រៀបការ?” កម្លោះតូចហាក់ស្ពឹកត្រចៀកស្តាប់មិនសូវច្បាស់ តែអារម្មណ៍រំភើបក្នុងទ្រូងបន្តឆេះឡើងឥតឈប់ រួមជាមួយចិត្តបារម្ភមួយចំណែកផង គេរកប្រតិកម្មមកបង្ហាញអារម្មណ៍មួយមិនឃើញឡើយ។
       “គឺនាំអូនទៅរៀបការ”
       “ហេ៎!?”
      
       Tar ចិត្តបារម្ភប្រែកានើតែធំឡើងៗ ពេលរថយន្តសំណព្វចិត្តរបស់ Jungkook ឈប់ចតនៅកំពង់ផែដើម្បីជិះឆ្លងទៅរកកោះ ដែលគេបានរៀបចំគម្រោង និងតុបតែងសម្រាប់ពិធីអាពាហ៍ពិពាហ៍មួយនេះជាច្រើនខែ។ តែ Taehyung មិនបានដឹងពីរឿងនេះ ហើយក៏មិនបានដឹងថា Jungkook បានរៀបចំអ្វីខ្លះទុក ពេលត្រូវមកជួបនឹងហេតុការណ៍ពិតបែបនេះ ថ្លើមរបស់គេក៏ប្រែទៅជាតូចភិតភ័យមួយរំពេច។ បន្ទាប់ពីដល់ចំណតត្រូវទិញសំបុត្រចុះទូកបន្ត ទម្រាំទៅដល់លើកោះគឺរសៀលជ្រេរណាស់ទៅហើយ។
       “Taehyung... វាជាផ្ទះដែលពួកយើងរៀបការនឹងគ្នា.... ខ្ញុំធ្វើវាដោយគិតពីបងគ្រប់ជំហាន... ខ្ញុំចង់ឲ្យពួកយើងទាំងពីរត្រឡប់មកផ្ទះមួយនេះជាមួយគ្នានៅ 50 ឆ្នាំក្រោយ អត់ទេ 80 ឆ្នាំក្រោយ 100 ឆ្នាំក្រោយកាន់តែល្អ!”
       សម្លេងពីរោះហាក់ដូចតន្រ្តីនៅក្នុងផ្ទះវិឡាដ៏ធំកម្ពស់ពីរជាន់ នៅពេលឈានជើងចូលក្នុងឃើញសម្លៀកបំពាក់រៀបការដែល Jungkook  បានត្រៀមទុក Tae ក៏ស្រក់ទឹកភ្នែកតក់ទីបំផុតពួកគេក៏មានថ្ងៃនេះ រាងតូចងាកមុខចេញ ហើយលោទៅឱបរាងកាយមាំខ្ពស់របស់ Jungkook ខ្លាំងៗទាំងទឹកភ្នែកសស្រាក់ គេមិនចង់យំឡើយ តែទប់មិនជាប់។ ដៃមាំអង្អែលខ្នងម្ចាស់ចិត្តយ៉ាងថ្នាក់ថ្នម ព្រមទាំងអោបតបវិញ។
       “រៀបការនឹងបងណា៎ Taehyung”
       បបូរមាត់ក្រាស់ប្រែជាញញឹមស្រស់ ពេលអ្នកម្ខាងទៀតងក់ក្បាលញាប់ស្អេក ទាំងដែលរវល់យំសសឹករកពេលឆ្លើយមិនបាន។
       “បងស្រឡាញ់អូនណាស់!”

You're FAKE [Complete]Where stories live. Discover now