ភាគទី 101 : ត្រូវទេ ម៉ាក់តូច?

2.1K 214 20
                                    

       វាជាពេលវេលាដ៏រីករាយដែលបាននៅក្បែរមនុស្សជាទីស្រលាញ់រៀងរាល់ថ្ងៃ តែបញ្ហាក៏ចាប់ផ្តើមកើតមានពេល KangMo ចង់ប្រើរូបទាំងនេះមកធ្វើការតាំងពិពណ៌។
       “ស្តាប់ណា KangMo... រឿងនេះខាងផលិតកម្មមិនព្រមជាដាច់ខាត” Yelena ប្រកែកដាច់អហង្ការនឹងសំណូមពរឥតព្រៀងទុករបស់នាយកម្លោះ បន្ទាប់ពីបានពិនិត្យរូបភាពដែលគេស្នើរឡើង សម្រាប់ការតាំងពិពណ៌ឆ្នាំនេះ។
       “ហេតុអ្វី? រូបភាពបែបនេះនៅផលិតកម្មផ្សេងក៏មានអ្នកធ្វើដូចគ្នា” រាងក្រាស់មិនអស់ចិត្តបន្តប្រកែកយកឈ្នះ។
       “តែពួកគេជួលតារា Model មក តែ Yuki មិនមែនតារា Model ទាំងនោះទេ គេមានអនាគតរបស់គេដែលត្រូវតាមចាប់”
       “Yuki ក៏មិនបានប្រកែក ត្រូវទេ? តើវាខុសត្រង់ណាទៅ?”
       “ព្រោះគេចង់បំពេញក្តីស្រម៉ៃល្ងីល្ងើរបស់ឯងហ្នឹងហើយ... ឯងបានឃើញមែនទេថាគេពេញចិត្តនិងអ្វីដែលឯងធ្វើ? ម្យ៉ាងគេក៏ជិតដល់ពេលបង្ហាញខ្លួនជាមួយ Jaykay ធ្វើបែបនេះ អ្នកដ៏ទៃនឹងមើលមកគេបែបណា? ខ្ញុំដឹងថា Yuki ប្រៀបដូចជា Art សម្រស់ សម្លេង កាយវិការរបស់គេ ដូច្នេះទើបឯងចង់បង្ហាញឲ្យអ្នកដ៏ទៃបានដឹង តែវាលើសព្រំដែនហើយ KangMo Yuki មិនមែនជា Porn Star ទេ” Yelena និយាយខ្លាំងៗហាក់គំហករហូតដល់ KangMo បើកភ្នែកធំៗ គេមិនបានចង់មានន័យបែបនោះឡើយ។
       “តែ-តែខ្ញុំមិនបានចង់មានន័យបែបនេះទេ..”
       “ខ្ញុំដឹងថាឯងក៏មិនអាចទ្រាំមើលមនុស្សក្នុងបណ្តាញសង្គមវាយប្រហារ Yuki ដែលត្រូវទេ? ដូច្នេះកុំបង្ហាញរូបទាំងនេះឲ្យនរណាមើលជាដាច់ខាត”
       “អត់ទេ!” Yuki រត់ចូលមកក្បែរ KangMo ដែលឱនមុខចុះហើយប្រកែកនឹង Yelena “ខ្ញុំជាអ្នកយល់ព្រមឲ្យ KangMo-san ធ្វើបែបនេះ”
       “Yuki-kun...” នារីវ័យក្មេងហៅឈ្មោះអ្នកនៅចំពោះមុខតិចៗ តើគេបាត់បង់សតិហើយមែនទេ?
       “ខ្ញុំចង់ឲ្យ KangMo ប្រើប្រាស់រូបទាំងនេះ បងកុំបន្ទោសគាត់អី”
       “ឯងមិនអាចធ្វើជាតារា K-pop បានទេ បើរូបទាំងនេះត្រូវផ្សព្វផ្សាយចេញ”
       “ខ្ញុំនឹងលាឈប់ ខ្ញុំមិនធ្វើតារាទៀតទេ” រាងតូចឈរពីមុខ Yelena ពោលពាក្យដ៏ល្ងីល្ងើបំផុត ដែលអាចធ្វើឲ្យ Yelena រកពាក្យតបមិនឃើញ នាងមិនធ្លាប់សូម្បីតែគិតថា ដើម្បី KangMo Yuki អាចលះបង់ច្រើនដល់ថ្នាក់នេះ នេះមិនមែនជារឿងលេងសើចទេ វាអាចបំផ្លាញអនាគតទាំងស្រុងមានដឹងទេ?
       “ឯងគិតមើលឲ្យច្បាស់ទៅ KangMo” ស្រីស្រស់លែងចង់ប្រកែកនឹងក្មេងៗទាំងនេះ ទើបប្រញាប់ចាកចេញ នាងជឿថា KangMo មិនមែនជាមនុស្សរឹងរូសមិនស្តាប់ហេតុផលដល់ម្លឹងទេ។
       “KangMo-san...” Yuki ងាករកគូស្នេហ៍ហើយចាប់ដៃគេខ្លាំងៗ “កុំបារម្ភពីអូនអី អូនមិនបានចង់ធ្វើជាតារាតាំងពីដំបូងម្លេះ អូនគ្រាន់តែចង់បានលេសមកនៅក្បែរបងប៉ុណ្ណោះ...” រាងតូចព្យាយាមនិយាយលើកទឹកចិត្តអ្នកម្ខាងទៀត ដែលហាក់គិតអ្វីម្យ៉ាងមិនយល់ ទឹកមុខរបស់គេជ្រួលច្របល់ណាស់។
       “អូនខ្លាចមែនទេYuki? ពេលបងថតរូបពេលធ្វើរឿងទាំងនោះ...អូនខ្លាចត្រូវទេ?”
       សំណួរ KangMo ញ៊ាំងឲ្យ Yuki ខាំមាត់នៅស្ងៀមហើយគ្រវីក្បាលតិចៗ គេមិនខ្លាចទេបើជា KangMo គេគ្មានថ្ងៃខ្លាចទេ។
       “តែបងចាំបានថាអូនយំ អូនខ្លាចត្រូវទេ?” រាងក្រាស់ចាប់ស្មាតូចៗនោះអង្រួនដើម្បីចង់បានចម្លើយពិត គេចង់ដឹងថាកន្លងមកគេធ្វើបាប Yuki ពិតទេ? តែ Yuki មិនឆ្លើយ មិនឆ្លើយបានន័យថាពិតហើយ។
       “បងសុំទោស..Yuki..” KangMo លែងដៃហើយឱនមុខផ្ទប់នឹងទ្រូង Yuki អា៎...គេរភ្ញាក់រលឹកហើយ។
      
       ចាប់តាំងពីថ្ងៃនោះ KangMo ក៏ដាក់គន្លាតរវាងគេនិង Yuki ម្តងបន្តិចៗ គេចាប់ផ្តើមមើលឃើញថា Yuki ធ្វើរឿងជាច្រើនដែលមិនមែនជាចំណូលចិត្តខ្លួនដើម្បីបាននៅក្បែរគេ Yuki យំព្រោះខ្មាសអៀន ពេលគេថតរូបទាំងនោះលើគ្រែ ទោះបីត្រូវគ្រូបង្វឹកជេរស្តីយ៉ាងណាក៏ Yuki នៅតែរក្សាស្នាមញញឹមដើម្បីគេ រៀងរាល់ថ្ងៃរាងកាយសស្លេកមួយនោះ ទទួលបានស្នាមជាំជារឿយៗ ព្រោះមិនសូវមានកម្លាំង Yuki តែងតែវិលមុខដួលនៅកន្លែងហាត់រាំ ចាកចេញពីគ្រួសារតាំងពីក្មេងដើម្បីឆ្លងប្រទឹសមករកគេ Yuki លះបង់គ្រប់យ៉ាងទាំងដែលមិនមែនក្តីស្រម៉ៃរបស់គេ តែគេបែរជាបំពេញតួនាទីជា Trainee បានយ៉ាងល្អ។ ងាកមកមើល KangMo វិញ គេមិនសូម្បីតែបញ្ឈប់ខ្លួនឯងមិនឲ្យធ្វើរឿងស្មោកគ្រោកទាំងនោះក៏មិនបានផង ថតរូបពេលធ្វើរឿងលើគ្រែជាទង្វើអសីលធម៌បំផុត តែគេបែជាឈប់មិនបាន គេស្ទើតែបំផ្លាញកិត្តិយសពេញមួយជីវិតរបស់ Yuki តើគេស័ក្តិសមនឹងឲ្យ Yuki លះបង់ច្រើនដល់ថ្នាក់នេះទេ? តើកន្លងមកគេបានធ្វើអ្វីខ្លះ? ទាំងដែលបានសន្យាថានឹងត្រឡប់ទៅជប៉ុន តែគេធ្វើមិនបាន គេបែរជាធ្វើឲ្យ Yuki រងទុក្ខដល់ថ្នាក់នេះ តើគេក្លាយជាមនុស្សឥតបានការតាំងពីពេលណាទៅ?
      
       “Yuki បើពួកយើងជួបគ្នានៅក្រោមដើមផ្កាសាគូរ៉ាក្បែរវិហារបួងសួងម្តងទៀត ពួកអាចនឹងចាប់ផ្តើមសារជាថ្មី ឮទេ?”
       “ហេតុអ្វី? បងនិយាយអ្វីហ្នឹង?” រាងតូចកាន់បាច់ផ្កាដែលនាយកម្លោះឲ្យយ៉ាងណែនដោយក្តីរំភើប វាស្រស់ស្អាតណាស់។
       “ពួកយើងបែកគ្នាទៅ...”
       ក្តុក! បាច់ផ្កាធ្លាក់ពីដៃ Yuki ស្រក់ទឹកភ្នែកតក់។ គេមិនហ៊ានសួរថាវាគឺជារឿងពិតឬរឿងកំប្លែងឲ្យប្រាកដនោះទេ តែពាក្យមួយនេះវារត់មករកគេលឿនពេក គេបញ្ចេញប្រតិកម្មមិនត្រូវ។
       “អូនបំភ្លេចបងហើយត្រឡប់ទៅជប៉ុនវិញចុះ”
       “អត់ទេ..អូនមិនទៅណាទេ បងមិនស្រួលខ្លួនមែនទេ?” រាងតូចឱនរើសបាច់ផ្កាមកអោប ហើយបន្តអង្គុយនៅត្រង់នោះ “ចាំបងបានធូរចាំនិយាយគ្នាម្តងទៀត-”
       “បងនិយាយពិតមែន”
       “ហេតុអ្វីទៅ KangMo? អូនបានធ្វើអ្វីខុសមែនទេ?”
       “បងលែងស្រលាញ់អូនហើយ វាគ្មានហេតុផលទេនៅពេលស្រលាញ់មនុស្សម្នាក់ ដូច្នេះពេលនេះក៏ដូចគ្នា ត្រឡប់ទៅជប៉ុនទៅ” រាងក្រាស់ព្យាយាមបង្ហាញទឹកមុខមាំរួចក៏ងាកក្រោយដើរចេញតែត្រូវ Yuki អោបជើងជាប់។
       “អូនសុំទោស.. មិនថាអូនធ្វើអ្វីខុសអូនសុំទោស... កុំដេញអូនឱ្យចេញអី ពួកយើងសន្យាថានៅក្បែរគ្នារហូត”
       Yuki គ្រវីក្បាលយំអោបជើង KangMo យ៉ាងណែន ពួកគេមិនបានឈ្លោះប្រកែកគ្នាទេ មិនបានមានអ្នកទីបីទេ មិនបានធ្វើអ្វីខុសនឹងគ្នាសូម្បីបន្តិច គេគិតមិនយល់ថាហេតុអ្វី។
       “កុំមករកបងទៀត បើបងឃើញមុខអូនម្តងទៀត ពួកយើងត្រឹមជាអ្នកដ៏ទៃប៉ុណ្ណោះ”
      
       តាំងពីពេលនោះ KangMo គេចមុខពី Yuki រៀងរាល់ថ្ងៃបន្ទាប់ពីសុំគេបែក មិនថាដោយវិធីសាស្ត្រណា Yuki នៅតែមិនអាចជួបនិងនិយាយជាមួយ KangMo បានឡើយ។ KangMo យល់ថាមានតែធ្វើបែបនេះទើបអាចឱ្យ Yuki កាត់ចិត្តពីគេបាន តែគេមិនបានដឹងថាការដែល Yuki មិនហ៊ានចចេសរឹងរូសមករកគេដោយកម្លាំងបាយមិនមែនដោយសារគេមិនអាច តែគេមិនចង់ជួបគ្នាក្នុងនាមជាអ្នកដ៏ទៃទៅវិញទេ។
      
       តែប៉ុន្មានថ្ងៃក្រោយមក KangMo ក៏បានឮសម្លេងមនុស្សហៅឈ្មោះគេពីម្ខាងជ្រុងជញ្ជាំងលើអគារក្រុមហ៊ុនពេលចេញពីធ្វើការ វាជាលើកដំបូងដែលបេះដូងគេប្រែជាធ្ងន់ឡើងៗ ធ្ងន់ជាងពីកាលដែលគេសុំ Yuki បែកទៅទៀត ព្រោះគេអាចទាយបានថានឹងមានថ្ងៃនេះ។
       “KangMo-san!.... បងនៅចាំសន្យារបស់យើងទេ តែអូនសង្ឃឹមថាបងនឹងចងចាំវា” សម្លេងស្អកៗទាំងអួលដើមកលាន់ឮតិចៗ។
       “នៅចាំ”
       “អូន...គិតថា អូនគួរតែដោះ...លែងបងហើយ អូននឹងត្រឡប់ទៅវិញលែងឲ្យបងឃើញមុខទៀតហើយក៏...” រាងតូចស្ងាត់មាត់បន្តិចព្រោះគេរកពាក្យមកនិយាយមិនត្រូវ គេមិនដឹងថាខ្លួនឯងកំពុងធ្វើអ្វីឡើយ "....តែអូនស្រលាញ់បងណាស់...ឮទេ?” និយាយចប់ក៏ស្ងាត់មាត់ឈឹង KangMo រហ័សរត់ចេញទៅមើលតែមិនមានមនុស្ស។
       “ហ៊ឹក....!” រាងក្រាស់យកដៃខ្ទប់មាត់ ឃាតសម្លេងយំ ហើយរត់ទៅតាម តាមផ្លូវចេញ តែគេបានឃើញត្រឹមខ្នងរបស់ Yuki ប៉ុណ្ណោះ។ ទឹកថ្លាៗដក់ពេញភ្នែក បន្ទាប់មកក៏ហូរដូចទឹកភ្លៀង KangMo លើកដៃចាប់ Yuki ពីចម្ងាយ តែមិនហ៊ានបញ្ចេញសម្លេង រហូតដល់រាងកាយតូចមួយនោះ ឃ្លាតឆ្ងាយទៅបាត់មើលលែងឃើញ។ KangMo យកដៃខ្ទប់មាត់កុំឲ្យចេញសម្លេង ហើយលុតជង្គង់យំនៅកណ្តាលផ្លូវយ៉ាងយូរ ខណៈអគារស្ងាត់ជ្រៀបពេលកណ្តាលយប់ គេមិនធ្លាប់យំឡើយ មិនថាក្នុងស្ថានភាពណា គេមិនធ្លាប់យំ គេមិនបានទន់ខ្សោយដល់ថ្នាក់ស្រក់ទឹកភ្នែក គេគិតថាគ្រប់យ៉ាងនឹងល្អប្រសើរ តែការពិត គេខ្លួនឯងក៏មិនទាន់រឹងមាំគ្រប់គ្រាន់ទទួលយករឿងនេះដូចគ្នា តែខណៈពេលគេមិនអាចកែប្រែខ្លួនឯងបាន គេមិនចង់បន្តផ្តល់សុបិន្យអាក្រក់ដល់ Yuki ឡើយ។
       ទៅចុះ Yuki... កុំនឹកបងទៀត... កុំរង់ចាំបង កុំបង្ខំខ្លួនឯងឲ្យញញឹមដើម្បីអ្នកដ៏ទៃទៀត ត្រូវចាំថាបងលែងស្រលាញ់អូនទៀតហើយ។
      
       “តើខ្ញុំនៅគិតពីរឿងទាំងនោះធ្វើអ្វីទៅ?” KangMo បោសវាសអារម្មណ៍នឹកនាចេញ ហើយផ្ចង់អារម្មណ៍លើការផ្តិតរូប កាលនោះ Yuki ផ្តាច់កុងត្រាហើយបង់ប្រាក់ជាច្រើនឱ្យក្រុមហ៊ុន ច្រើនឆ្នាំមកនេះ គេប្រហែលជាមានអ្នកថ្មីទៅហើយ តើ Yuki អាចបន្តស្រលាញ់មនុស្សដែលបោកប្រាស់ក្តីស្រលាញ់គេបានយ៉ាងម៉េច?
      
       ក្នុងកំឡុងពេលឈប់សម្រាក Jaykay ស្រាប់តែស្នើសុំក្រុមហ៊ុនធ្វើសន្និសិតការសែត គេហាក់ប្រាកដចិត្តណាស់សម្រាប់រឿងដែលគេបម្រុងធ្វើ វាមិនដូចជាការលេងសើចឡើយ។
       “ឯងចង់ធ្វីអី Jaykay?” Alianora ស្រែកគំហកធ្វើឲ្យ Yelena ក្រវីក្បាលប្រាប់ថាកុំ។
       “ឥឡូវសូម្បីតែឈ្មោះពិតខ្ញុំក៏អ្នកស្រីលែងហៅហើយ”
       “កុំមកប្តូរប្រធានបទ”
       “ខ្ញុំនិងរៀបការជាមួយ Taehyung” រាងក្រាស់អង្គុយចុះទាំងអារម្មណ៍ស្ងប់ដូចទឹក គេបានសម្រេចចិត្តរួចហើយ។
       “ឯង? ឯងឃើញលទ្ធផលរបស់ Sulli ទេ?”
       “កុំលើក Sulli មកនិយាយ នាងទៅបាត់ហើយ តែខ្ញុំមិនខ្លាចប្រឈមមុខនឹងការពិតទេ ព្រោះខ្ញុំមិនបានកំសាកដូចអ្នកម៉ាក់ ត្រូវទេម៉ាក់តូច?” Jungkook ងាកទៅញញឹមឌឺដងដាក់ Yelena ធ្វើឲ្យនាងភ្ញាក់ខ្លួនបើកភ្នែកធំៗ។

You're FAKE [Complete]Where stories live. Discover now