ភាគទី 87

1.9K 206 8
                                    

ក្រោយពីដោះស្រាយបញ្ហារួចរាល់ហើយ Jungkook ក៏ត្រឡប់ទៅ Studio ផ្ទាល់ខ្លួនវិញ តែតាមផ្លូវក៏ប្រទះនឹង Taehyung ដែលដើរក្នុងទិសដៅផ្ទុយគ្នា តែអ្នកម្ខាងទៀតធ្វើមិនឃើញ ហើយដើរហួសចេញទៅ។
"បងឃើញព័ត៌មានហើយត្រូវទេ? តែខ្ញុំនិង Sulli គ្មានអ្វីនឹងគ្នាក្រៅពីមិត្តឡើយ" នាយស្រែកពីក្រោយធ្វើឲ្យ Tae ងាកក្រោយស្តាប់។
"មិនបាច់អានព័ត៌មានទេ តែខ្ញុំឃើញលោកចុះពីឡាននាងកាលពីព្រឹកមិញនេះ"
"ពួកយើងគ្រាន់តែនិយាយគ្នាលេងធម្មតាប៉ុណ្ណោះ"
"ទៅលួងអ្នកគាំទ្ររបស់លោកទៅ ព្រោះសម្រាប់ខ្ញុំមិនថាលោកធ្វើអ្វីក៏មិនពាក់ព័ន្ធនឹងខ្ញុំឡើយ"
ចម្លើយខ្លីៗរបស់ Tae ផ្ចាញ់ JK ឲ្យស្ងាត់មាត់ តែគេនៅមិនទាន់និយាយចប់គេមិនព្រមឈប់ឡើយ ទោះបីត្រូវប្តូរប្រធានបទក៏ដោយ។
"បងក៏ល្មមនៅឲ្យឆ្ងាយពី KangMo ទៅ!"
"ម៉េចក៏ទាក់ទងដល់ Kangmo ទៀតហើយ? ហេតុអី្វក៏ឯងស្អប់គេយ៉ាងនេះ?" រាងតូចក្រវាស់ដៃវាយខ្យល់ព្រោះគិតមិនយល់ពីទំនាក់ទំនងសោះកក្រោះរបស់ Jungkook និង Kangmo។
"បងខឹងដែលខ្ញុំចោទគេមែនទេ? បងដឹងស្អីខ្លះពីគេទៅ? ស្គាល់ធាតុពិតរបស់គេឬនៅ?"
"ធាតុពិតរបស់ Kangmo យ៉ាងម៉េច? ធ្វើឲ្យ Yuki បោះបង់ឱកាសក្លាយជាតារា ហើយត្រឡប់ទៅផ្ទះវិញហ្នឹងអ្ហេស៎?"
"ឃើញទេ? បងក៏ដឹងពីរឿងនេះ តែនៅធ្វើមិនឃើញ" តែចំពោះកំហុសរបស់គេ Tae នៅតែមិនព្រមបើកឱកាសឲ្យគេធ្វើអ្វីលុបលាង វាអយុត្តិធម៌បន្តិចហើយ ។
"ឯងយល់ពីគេកម្រិតណាទៅ ទើបដឹងថាអ្វីដែលគេធ្វើខុស? គេធ្វើព្រោះតែចង់ការពារ Yuki ប៉ុណ្ណោះ"
"ចុះបងយល់ពីខ្ញុំខ្លាំងប៉ុណ្ណា ទើបសម្រេចថាគ្រប់ពាក្យដែលខ្ញុំនិយាយជាពាក្យកុហក? បងមិនដឹងថាកាយវិការបងធ្វើឲ្យខ្ញុំងប់ងល់ចង់ចាប់បងទុកតែម្នាក់ឯង បងមិនដឹងថាខ្ញុំព្យាយាមចង់សុំទោសជាច្រើនដង បងមិនទាំងដឹងថាខ្ញុំរំសាយក្រុម Spycho ចែកផ្លូវជាមួយ Riv ព្រោះចង់កប់ចោលគ្រប់យ៉ាង ហើយចង់ធ្វើជាមិត្តប្រុសធម្មតាម្នាក់របស់បងផង បងរិតតែមិនបានគិតដល់ថាហេតុអ្វីខ្ញុំចូលសិល្បះទាំងដែលខ្ញុំមិនចង់បានមាសប្រាក់ ឬកេរ្តិ៍ឈ្មោះទាល់តែសោះ និយាយមកថានៅពេលដែលខ្ញុំព្យាយាមកែប្រែខ្លួនឯងដល់ថ្នាក់ហើយ ខ្ញុំនៅតែមិនអាចចាប់ផ្តើមជិវិតថ្មីម្តងទៀត"
"បានហើយ! ខ្ញុំមិនចង់ស្តាប់ទៀតទេ" Taehyung រហ័សដើរចេញពីត្រង់នោះព្រោះរកចម្លើយឲ្យសំណួររបស់ Jungkook មិនបាន តើគ្រាន់តែប្រកាន់ភ្ជាប់កំហឹងក្នុងចិត្តមិនព្រមអត់ឱនវាខុសណាស់មែនទេ? តែគេជាជនរងគ្រោះតាំងពីចាប់ផ្តើមមក គេមានតែខូចខាតនិងឈឺចាប់ តើគេធ្វើអ្វីខុសអ្វីទៅ ទើបត្រូវមកមានអារម្មណ៍ថាខុសឆ្គងបែបនេះ?
"តែគ្រប់គ្នាស័ក្តិសមនិងទទួលបានឱកាសជាលើកទីពីរ!" រាងក្រាស់ស្រែកខ្លាំងៗ ខណៈអ្នកម្ខាងទៀតបន្តចាកចេញហាក់មិនបានឮ។
រឿងខ្លះមិនអាចនិយាយប្រាប់អ្នកក្រៅឲ្យបានយល់ឡើយវាពិបាកនិងទម្លាយចេញក្រៅ ដូច្នេះឲ្យវាកប់ស្លាប់នៅក្នុងចិត្តចុះ ។
មួយរយៈពេលចុងក្រោយ បន្ទាប់ពីព័ត៌មាន Dating និងការប្រកាសខ្សែរភាពយន្តថ្មីរបស់ Jaykay និង Sulli ធ្វើឲ្យផ្ទុះប្រព័ន្ធអុីធើណេតជាច្រើនថ្ងៃជាប់គ្នា ទោះបីភាគីទាំងសងខាងចេញមកបកស្រាយ បញ្ជាក់យ៉ាងច្បាស់លាស់ តែមហាជននៅតែមានការសង្ស័យមិនអស់ចិត្ត ចំណែកអ្នកគាំទ្រមួយចំណែកបែជាប្រែមកខឹងក្រោធ ហើយវាយប្រហារមកលើ Sulli យ៉ាងទំងន់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ការ Post ឬ Comments ឌឺដង ផ្លែផ្កាតិះដៀលនាងឥតស្រាកស្រាន្ត។
"ហាឡូ!" Sulli ដកភ្នែកពីកុំព្យូទ័រ កំពុងឆែកអាន Comments អ្នកគាំទ្រជេរប្រទេចនាងដែលហ៊ានយកខ្លួនទៅពាក់ព័ន្ធ នឹងតារាប្រុសកំពូលដួងចិត្តរបស់ពួកគេហើយមកផ្តោតលើការសន្ទនាតាមប្រព័ន្ធទូរស័ព្ទនេះវិញ។
(Sulli ! ព័ត៌មាននិងអ្នកគាំទ្រ កំពុងផ្ទុះវាយប្រហារនាងខ្លាំងណាស់ មិនគិតថាចង់ផ្អាកភាពយន្តនោះសិនទេអ្ហេស៎?) JayKay ពោលពីប្រព័ន្ធម្ខាងដោយក្តីព្រួយបារម្ភ។
"អត់ទេ! ខ្ញុំចង់ថតរឿងមួយនេះ វាមិនអីទេ ខ្ញុំមិនខ្វល់ពី comments ទាំងអស់នោះឡើយ"
(តែក្នុងសាច់រឿងមានឈុតលើគ្រែច្រើនណាស់ ទោះពួកគេប្តូរតួពេលសម្តែង តែប្រាកដជាមានមនុស្សមួយចំនួនដែលមិនយល់ សូម្បីតែពេលនេះ នាងមិនបានធ្វើអ្វីក៏ត្រូវពួកគេវាយប្រហារទៅហើយ)
"វាជាភាពយន្តចុងក្រោយដែលខ្ញុំសម្តែង ខ្ញុំលែងសម្តែងទៀតហើយ ដូច្នេះបើលោកមិនសម្តែងខ្ញុំប្រហែលជាត្រូវសម្តែងជាមួយអ្នកផ្សេងហើយ"
(បានខ្ញុំសម្តែង!) រាងក្រាស់តបតិចៗមុននិងដាក់ទូរស័ព្ទចុះ វាប្រសើរជាងបើតួប្រុសជាគេ ព្រោះ Sulli ទុកចិត្តគេជាងអ្នកដ៏ទៃទៀត ម្យ៉ាងនាងចាប់ផ្តើមចម្លែកពីមួយថ្ងៃទៅមួយថ្ងៃ តាំងពីពួកគេស្គាល់គ្នាមកនាងនិងមិនគិតអ្វីល្ងង់ខ្លៅទេ ត្រូវទេ?
"អត់ទោស...." Taehyung ឈរនៅពីក្រោយ Jungkook ទើបនិងដាច់ចិត្តបង្ហើបសម្លេងព្រោះគេមកឈរនៅទីនេះមួយសន្ទុះដែរហើយ ចំណែក Jungkook ក៏មិនបានឃើញថាគេឈរត្រង់រហូតមក។
"Tae... "
"KangMo សុំច្បាប់សម្រាកទៅលេងផ្ទះ ចំណែកខ្ញុំគ្មានអ្វីធ្វើ បង Yelena ក៏រវល់នឹងក្មេងថ្មី ទើបគាត់ពឹងខ្ញុំឲ្យជួយមើលលោកអំឡុងពេលសម្តែងភាពយន្តខ្នាតខ្លីមួយនេះ" រាងតូចក្តាប់ដៃតិចៗព្រោះខឹងនឹងខ្លួនឯង ដែលមិនហ៊ានប្រកែកនឹង Yelena ព្រោះមើលទៅគាត់ក៏ហត់នឿយណាស់ទៅហើយ ម្យ៉ាងគេគ្មានបទពិសោធន៍ដែលអាចគ្រប់គ្រងក្មេងថ្មីបានឡើយ តែបើជា Jungkook គេប្រហែលជាមិនរញ៉េរញ៉ៃនៅចុះពោះមុខគេឡើយ។
"ពិតឬ? បងមិនប្រកែកទេអ្ហេស៎?" អ្នកកម្លោះញញឹមស្រស់តែ Yelena ធ្លាប់និយាយថានិងមិនព្រមជួយគេដាច់ខាត តែនេះជាអ្វី? ជួយស្រស់ៗតែម្តង។
"ពិត!"
"សប្បាយចិត្តណាស់!" Jungkook សើចចេញធ្មេញទន្សាយគួរឲ្យស្រលាញ់ ធ្វើឲ្យ Taehyung ងាកមុខចេញព្រោះមិនចង់ឃើញ។
"ខ្ញុំមិនមានបំណងលួចស្តាប់ទេ តែចៃដន្យមកឈរត្រង់នេះហើយបានឮ.... ឈ្លោះគ្នាជាមួយសង្សាមែនទេ?" Tae សួរតែមាត់ ចំណែកភ្នែកមើលទៅទិសផ្សេង។
"បងនិយាយអី? ប្រាប់ហើយថាគ្រាន់ជាមិត្ត"
"ខ្ញុំទៅហើយល្ងាចបន្តិចចាំយកកាលវិភាគមកឲ្យ"
Taehyung ធ្វើជាស្តាប់មិនឮរួចចាកចេញទៅបាត់ ធ្វើឲ្យ Jungkook ឈរអេះក្បាលគិតមិនយល់ ហេតុអ្វីសុខៗ Tae មកសួរបែបនេះ? តែគេមានអារម្មណ៍ថាមុននេះ ភាពតានតឹងរវាងគេនិង Taehyung ហាក់ដូចបានរសាយមួយបំណែកតូចទៅហើយ គេគួរតែឈ្លាតឱកាសនេះត្រួសផ្លូវឲ្យខ្លួនឯងសារជាថ្មីទើបល្អ។
ម៉ោង 11 យប់ដ៏សែនស្ងប់ស្ងាត់ Sulli នៅបន្តអាន Comments តិះដៀលនាងទាំងនោះមិនសម្រាកភ្នែក ពួកគេពូកែនិយាយពេកហើយ ថានាងព្យាយាមម្ញិកម្ញក់ដាក់ Jaykay សូម្បីនាងខ្លួនឯងមិនបានធ្វើក៏មានអារម្មណ៍ថារអៀសខ្លួនដែរ។
"កំពុងធ្វើអី?" Hakai ស្រាប់តែដើរចូលក្នុងបន្ទប់ធ្វើឲ្យនាងក្រមុំរហ័សក្រោកអង្គុយត្រង់ខ្លួន ព្រោះមុននេះនាងកំពុងគេងលើគ្រែ។
"អរ.... គិត-គិតថាចង់ Live និយាយលេងជាមួយអ្នកគាំទ្របន្តិច"
"Live ទៅចឹង!"
Hakai អង្គុយចុះលើកៅអីទល់មុខ Sulli គ្រាន់តែឆ្ងាយគ្នាបន្តិច ដាក់កាសត្រចៀកលេងហ្គេម ខណៈនាងតូចចាប់ផ្តើមបើកកាមេរ៉ា Live និយាយលេងយ៉ាងយូរជាមួយអ្នកគាំទ្រ នាងរួសរាយណាស់ អ្នកគាំទ្ររបស់នាងក៏ស្រលាញ់នាងណាស់ដែរ មិនយូរប៉ុន្មាន Hater ក៏ចាប់ផ្តើមចូលរួមមើលហើយនាំគ្នា Comments ពាក្យអសុរសនិងវាយប្រហារជាច្រើនមកលើ Sulli ។ ស្រីស្រស់ផ្អាកនិយាយបន្តិចហើយអាន Comments ៖
(Sulli នាងស្គមខ្លាំងណាស់ប្រឹងញាំបន្តិចទៅ តែកុំច្រើនពេកប្រយ័ត្នធាត់ដូចជ្រូករកចង្កេះគ្មាន)
"សុំទោស! ខ្ញុំគេងមិនសូវលក់ទើបភ្នែកប្រែជាស្លក់ ហើយស្រកទម្ងន់បែបនេះ" Sulli សើចតិចៗព្រោះគិតថាជាអ្នកគាំទ្ររបស់នាង Comments សួរព្រោះបារម្ភ តែនារីដដែលបែរជា Commentsម្តងហើយម្តងទៀត ដើម្បីសើចចំអកឲ្យនាងទៅវិញ ចំណែកអ្នកផ្សេងទៀតក៏អឺអើជាមួយនាងគ្រប់រឿង។
(អូ! ភ្លេចគិតទៅថានាងរវល់រត់ត្រុកៗដេញចាប់ Jaykay មានពេលឯណាញ៉ាំបាយញ៉ាំទឹកនោះ)
(ថាមិនបាន Jaykay ពេលយប់លេងធ្ងន់ដៃពេក ហើយនាងមិនបានដេកក៏ថាបាន)
(មើលមុខនាងទៅ!)
(ព្រះអើយ! មុខនាងស្គមណាស់ មានឆ្អឹងជាងមុន នាងទៅវះកាត់កែសម្រស់ឬ?)
មនុស្សជាច្រើនបន្តវាយប្រហារនាង ធ្វើឲ្យ Sulli ស្ងាត់មាត់លែងហ៊ាននិយាយ ហើយថយក្រោយបន្តិចផ្អឹបក្បាលនឹងខ្នើយ ដោយមានកាមេរ៉ានៅនិងមុខនាង តែនាងមិនព្រមនិយាយអ្វីតតែសោះ ក្រៅពីសម្លឹងចំកាមេរ៉ាដោយកែវភ្នែកដក់ទឹកភ្នែកភ្លឺព្រៀកៗ។
(ថាដូចខ្ញុំទេ? នាងចម្លែកណាស់)
(មែន! នាងប្រើថ្នាំទេដឹង?)
(Sulli នាងជក់ថ្នាំញៀនមែនទេ? មុខនាងដូចអ្នកជក់ថ្នាំណាស់)
Sulli មើលលែងឃើញ Comments ល្អៗដែលលើកទឹកចិត្តនាង ឃើញតែ Comments តិះដៀលនិងចោទប្រកាន់ ។ មិនយូរប៉ុន្មានទឹកភ្នែករបស់នាងក៏ស្រក់ចុះឯងៗ ឃាត់លែងជាប់។
(នាងយំ?)
(ព្រះអើយឃើញទេ? នាងបង្ហាញអាការៈហើយ....ខ្ញុំថានាងញៀនថ្នាំប្រាកដណាស់)
(នាងស្រាប់តែប្រែជាឆ្គួតទេដឹង)
"បានហើយឈប់ទៅ" Hakai ឆក់យកទូរស័ព្ទមកចុចបិទ Live ហើយបោះវាទៅលើពូកវិញនាងមិនដឹងយកភាសារអ្វីមកនិយាយជាមួយ Sulli ឡើយ តើនាងចង់យ៉ាងម៉េចឲ្យប្រាកដ?
"ឯងគិតអី? យំនៅក្នុង Live stream បែបនេះវាល្អមុខណាស់អ្ហេស៎?"
"អូនគ្មានចេតនាទេ ពួកគេនៅក្នុង Comments និយាយអាក្រក់ស្តាប់ពេកហើយ" នាងតូចជូតទឹកភ្នែកទាំងអួលណែនក្នុងទ្រូង តែនៅតែព្យាយាមញញឹមឡើយវិញ។
"ចុះដើមហេតុមកពីនរណា? សប្បាយទៅយកប្រុសដល់ផ្ទះ ធ្វើឲ្យមានរឿងអាស្រូវ ឥឡូវនេះមិនចាំបាច់ដើរតួកំសត់ទេ!"

You're FAKE [Complete]Where stories live. Discover now